ថ្វីបើសម្ដេចតា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ យាងចូលព្រះទិវង្គតក៏ពិតមែន ប៉ុន្តែអ្វីដែលបន្សល់ទុកឲ្យកូនចៅ និង ចៅទួតរបស់ព្រះអង្គមិនអាចបំភ្លេចបាននោះគឺការចងចាំមិនអាចបំភ្លេចបានចំពោះភាពរីកចម្រើននៃវិស័យកីឡាជាតិនាសម័យព្រះអង្គ ជាពិសេសវិស័យកីឡាបាល់ទាត់។
ក្នុងវ័យ៦៩ និង ជាអតីតកីឡាករបាល់ទាត់នៅក្លិប FARK (Forces Armées Royales Khmères) លោក ឌិន ស៊ីផាន់ បានប្រាប់ថា “កាលជំនាន់សម្ដេចតា វិស័យកីឡាបាល់ទាត់មានភាពលេចធ្លោមិនត្រឹមតំបន់អាស៊ីអាគ្នេយ៍ទេតែ ថែមទាំងទ្វីបអាស៊ី”។ លោកបានបង្ហាញភាពក្រៀមក្រំចំពោះការបាត់បង់អង្គសម្ដេចតា។
លោក ប៉ែត ផាត អតីតកីឡាករល្បីល្បាញរបស់កម្ពុជាក៏បានសរសើរដល់ការដឹកនាំរបស់ សម្ដេចតា ក្នុងវិស័យកីឡាជាតិនាទសវត្សរ៍ឆ្នាំ៦០។ ក្នុងវ័យ៦៤ឆ្នាំទៅហើយ អតីតកីឡាករជម្រើសជាតិរូបនេះបន្តឲ្យដឹងថាប្រាក់ខែរបស់កីឡាករនាសម័យនោះគឺមិនមានបញ្ហាចោទនោះទេ។ នេះធ្វើឲ្យលោកនឹករលឹកដល់អតីតកាលដ៏រុងរឿងនាពេលនោះ និង មានភាពខ្សឹកខ្សួលរំជួលចិត្តនាពេលនេះ។ សម្ដេចតាបានយាងចុះទៅជួបកីឡាករ និង គ្រូបង្វឹកដោយផ្ទាល់។
ដោយឡែកលោក មិត្ត សំអែល អតីតកីឡាករបាល់ទាត់ជម្រើសជាតិនាទសវត្សរ៍៦០ និង៧០ និងជាកីឡាករក្នុងក្លិប FARK បង្ហាញភាពសោកស្ដាយគ្មានទីបញ្ចប់ចំពោះការយាងចូលទិវង្គតរបស់សម្ដេចតាដែលសម័យនោះប្រជាជនឲ្យព្រះបរមងារថាព្រះបិតាកីឡាជាតិ។ មិនត្រឹមតែវិស័យកីឡាតែរោងចក្រសហគ្រាស មន្ទីរពេទ្យ និង សាលារៀនជាដើមរីកដុះដាលពេញផ្ទៃប្រទេស។ លោករៀបរាប់ថា “ក្នុងសម័យនោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ព្រះអង្គបានបង្កើតទំនាក់ទំនងដោយជួលគ្រូល្បីៗ មានដូចឆេកូ បារាំង រុស្សី និង ចិន ជាដើម”។
ចំណែកលោក អ៊ុំ គឹមភិន វ័យ៧១ឆ្នាំ និង ជាអតីតបុគ្គលិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាទសវត្សរ៍៦០នោះក៏សង្វេគចិត្តពេលបានទទួលដំណឹងយាងចូលទិវង្គត តែលោកមិនភ្លេចចំពោះភាពជឿនលឿននៃវិស័យកីឡាជាតិតាំងពីអតីតកាលក្រោមការដឹកនាំរបស់សម្ដេចតា ដែលព្រះអង្គយកចិត្តទុកដាក់ខ្លាំងដល់ក្រុមកីឡាករគ្រប់ជាន់ថ្នាក់។
សម្ដេចតាបានយាងចូលទិវង្គត នៅថ្ងៃទី១៥រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០ នាទីរំលងអាធ្រាត្រ ក្នុងព្រះជន្មាយុ៩០ ព្រះវស្សា ដោយព្រះជរាពាធនៅទីក្រុងប៉េកាំងនៃប្រទេសចិន។ ព្រះបរមសពត្រូវបានគេដង្ហែមកដល់កម្ពុជានារសៀលម្សិលមិញ។
អត្ថបទ៖ ឆន ទិត្យ
ប្រភព៖ www.sabay.com.kh
No comments:
Post a Comment